ប្រជាពលរដ្ឋបានឱ្យ 1Post ដឹងថា ដោយទ្រាំរាប់ឆ្នាំមកហើយនូវក្លិនអាក្រក់ រំខានដល់ជីវភាព ការរស់នៅ ជាពិសេសផ្លូវដង្ហើម ទើបពួកគាត់ដាច់ចិត្តនាំគ្នាផ្ដិតមេដៃសុំអន្តរាគមន៍ពីអាជ្ញាឃុំនិងស្រុក ប៉ុន្តែអស់រយៈពេលប្រហែលជាងមួយឆ្នាំមកហើយ ក្ដីកង្វល់និងបញ្ហានៅតែកើតមានដដែលស្ថិតក្នុងភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្ដាល។

ក្រុមអ្នកភូមិបានឱ្យដឹងទៀតថា ក្លិនអាក្រក់សាយភាពចេញពីទីតាំងផលិត កោដ បាត និងជើងពាន រួមទាំងសម្ភារផ្សេងៗទៀតនៅទីតាំងខាងលើបានបង្កឱ្យឈឺក្បាល វិលមុខ ពិបាកទទួលទានអាហារ និងទទួលទានដំណេកជាដើម។ សម្លេង

ម្ចាស់អាជីវកម្មខាងលើ 1Post មិនទាន់អាចសុំការបញ្ជាក់បាននៅឡើយទេ គិតត្រឹមវេលាចេញផ្សាយនេះ។ ហើយបើតាមលោកស្រី ជា សារ៉ុម មេឃុំផ្សារដែក បានឱ្យដឹងថា ម្ចាស់អាជីវកម្មនោះបានចូលរួមសហការដោះស្រាយដោយមិនប្រកែកទេ គ្រាកន្លងទៅពេលទទួលបានបណ្ដឹងពីអ្នកភូមិ រដ្ឋបាលឃុំបានកោះហៅភាគីពាក់ព័ន្ធមកតទល់គ្នាពិភាក្សាទៅតាមលទ្ធភាពរបស់ឃុំ និងបានធ្វើរបាយការណ៍ជូនទៅថ្នាក់ស្រុករួចហើយ។ សម្លេង

ចំណែកលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឱ្យដឹងថា រដ្ឋបាលមន្ទីរមិនបានដឹងអំពីបញ្ហានេះទេ បើមានពាក្យបណ្ដឹងពលរដ្ឋសូមផ្ញើមកលោក លោកនឹងចាត់ឱ្យមន្ត្រីចុះទៅពិនិត្យ។ សម្លេង

ទោះយ៉ាងនេះក្ដីពលរដ្ឋទទូចសុំដល់អាជ្ញាធរនិងជំនាញដែលពាក់ព័ន្ធមេត្តាចាត់វិធានការរកដំណោះស្រាយឱ្យមានប្រសិទ្ធភាពប្រាកដប្រជាលើបញ្ហានេះ ដើម្បីចាកឆ្ងាយពីផលប៉ះពាល់ដែលកំពុងកើតមាន ព្រោះកន្លងទៅទោះមានចំណាត់ការ ប៉ុន្តែបញ្ហាហាក់ដូចជានៅដដែល។ ហើយប្រសិនបើមានការឆ្លើយតបពីភាគីពាក់ព័ន្ធណាមួយ 1Post នឹងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះបន្តទៀត អរគុណ៕ តាពេជ្រ


Leave a Reply

Your email address will not be published. Required fields are marked *